សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។
បើតាមសម្តេចបវរធិបតី រៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចបវរធិបតី ដូច្នេះថា «សម្តេចធិបតី បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។
សូមជម្រាបថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។
បើតាមក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួន ២១,០៩២,៤៤៦ នាក់ ចំនួននេះរួមមាន៖ ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៩,៨៧៥,៨០៥ នាក់ និងទេសចរបរទេសប្រមាណ ៧១,១៩១ នាក់៕






