ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (ក្រសួងមហាផ្ទៃ) និង អនុរដ្ឋមន្ត្រីការបរទេសជប៉ុន

ជប៉ុន៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ី យូស៊ីម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (ក្រសួងមហាផ្ទៃ) និង លោកជំទាវ អេរី អាហ្វីយ៉ា (ERI Arfiya) អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន។
ក្នុងជំនួបនេះភាគីជប៉ុនបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសង្ឃឹមជឿជាក់ថា គណៈប្រតិភូកម្ពុជានឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត អំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជប៉ុន ជាពិសេសការគ្រប់គ្រងរដ្ឋបាលទីក្រុងតូក្យូមេត្រូប៉ូលីតែន និងការគ្រប់គ្រងក្រុងពិសេស។
បន្ថែមពីលើនេះទៀត ភាគីទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សានាឱកាសនេះ នឹងបន្តពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ជាមួយគ្នានេះ នៅក្នុងថ្ងៃដដែល គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សានៅរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន និងបានស្តាប់នូវបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន ជាពិសេសទំនាក់ទំនងរវាងរដ្ឋបាលមេត្រូប៉ូលីតែន និងខណ្ឌពិសេស៕

You might also like