អ្នកជំនាញសេដ្ឋកិច្ច ៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹងកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងកសិកម្ម

អ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានបង្ហាញទស្សនថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹងឈានឡើងមួយកម្រិតទៀតទៅលើវិស័យសេដ្ឋកិច្ច និងកសិកម្ម បន្ទាប់ពីប្រទេសទាំងពីរសម្រេចបាននូវកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លទ្ធផលកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងប្រទេសទាំងពីរធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ ថា ប្រទេសចិនគឺជាទីផ្សារឈានមុខគេទាំង១០របស់កម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចូលទំនិញពីកម្ពុជាឈរនៅលំដាប់ទី៣ ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃជាប្រាក់ជាង ៤៥៩ លានដុល្លារអាម៉េរិក កើនឡើង ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
លោកបណ្ឌិតបន្តថា លើសពីនេះ ប្រទេសចិននៅតែជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា ដោយទំហំវិនិយោគផ្ទាល់ពីបរទេស (FDI)របស់ចិនមានចំណែកប្រមាណ ៤៦% នៃទំហំវិនិយោគផ្ទាល់ពីបរទេសសរុប ២,៥ពាន់លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំនេះ។ ជាមួយគ្នានេះ ប្រទេសចិនគឺជាទីផ្សារចម្បងមួយសម្រាប់វិស័យកសិកម្មកម្ពុជា ជាពិសេស អង្ករ។ គ្រាន់តែក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨,៩០០០តោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនទាំងអស់នេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន កាន់តែស៊ីជម្រៅ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម។ ការពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព៕

You might also like