កម្ពុជា ប្រាប់អំពីសកម្មភាពឈ្លានពាន និងការមិនអាចទទួលយកពីទង្វើរបស់ភាគីថៃ រំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតជំនាញលើកទី៣ ស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ នៅប្រទេសស្វីស

(ភ្នំពេញ)៖ តំណាងកងយោធពលខេមរភូមិន្ទកម្ពុជា ឧត្តមសេនីយ៍ទោ ប្រាក់ ប៊ុនថន បានលើកឡើងអំពីសកម្មភាពឈ្លានពាន និងការមិនអាចទទួលយកបានចំពោះទង្វើរបស់ភាគីថៃ ដែលរំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកម្រិតជំនាញលើកទី៣ ស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅប្រទេសស្វីស តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ទោ ប្រាក់ ប៊ុនថន បានលើកឡើងថា គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានធ្វើការឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា ធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានផ្ទះសម្បែង ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ វត្តអារាម រូបសំណាក់សាសនា ប្រាសាទបុរាណ និងបណ្តាញសេវាសាធារណៈផ្សេងៗ។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និង ឯកជនទាំងនេះ មិនត្រឹមតែបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល ជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។
យោងតាមទិន្នន័យចុងក្រោយ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋភៀសសឹកសរុប ប្រមាណ៦សែន៤ម៉ឺននាក់ បានភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសារតែការគំរាមកំហែង ផ្នែកសន្តិសុខ សុវត្ថិភាព ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងធំពីសំណាក់កងទ័ពថៃ ការប្រើប្រាស់ ឧស្ម័នពុល ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធធន់ធ្ងន់ រួមទាំងយន្តហោះទំលាក់គ្រាប់បែកចម្បាំង F-16 ដែលវាយប្រហារលើតំបន់រស់នៅរបស់ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាដើម។ ប៉ុន្តែក្នុងចំណោមជនភៀសសឹកទាំងអស់នោះ មួយចំនួនធំបានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយបទឈប់បាញ់លើកទី២។
ទោះជាយ៉ាងណា នៅតែមានប្រជាពលរដ្ឋចំនួន៣៤,៣៤៧នាក់ ក្នុងនោះមានស្ត្រី ១៧,៨១៨នាក់ និងកុមារ ១១,៤១៨នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារមានការភ័យខ្លាច ចំពោះជាតិវិទ្យុសកម្ម ឧស្ម័នពុល និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយក្នុងតំបន់រស់នៅរបស់ពួកគាត់ និងការរារាំងបិទខ្ទប់ដោយរបាំងកុងទីន័រ បន្លា លួស និងកងកម្លាំងយោធាថៃ ដែលហាមឃាត់មិនឱ្យពួកគាត់អាចចូលទៅរស់នៅផ្ទះសម្បែង និងភូមិកំណើតរបស់ពួកគាត់វិញ និងការខ្វះខាតលើសេវាសាធារណៈមូលដ្ឋាន។ ជាមួយគ្នានេះ សេវាសាធារណៈសំខាន់ៗ នៅតំបន់ព្រំដែននៅតែបន្តផ្អាក និងខូចខាតយ៉ាងដំណំដែលរួមមាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបិយ នៃមនុស្សជាតិពិភពលោកជាដើម។
តំណាងកងយោធពលខេមរភូមិន្ទកម្ពុជារូបនេះ បានអះអាងថា ព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកបានឡើយ នូវសកម្មភាពណាមួយ ដែលនាំឱ្យមានការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយផ្ទុយនឹងច្បាប់អន្តរជាតិ។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ស្រមតាមច្បាប់អន្តរជាតិ និងឯកសារផ្លូវច្បាប់ពាក់ព័ន្ធ។ កម្ពុជាបន្តរក្សាសិទ្ធិពេញលេញលើទឹកដីរបស់ខ្លួន និងមិនទទួលស្គាល់ស្ថានភាពណាមួយដែលកើតឡើងដោយការរំលោភបំពានលើច្បាប់អន្តរជាតិ និងមិនគាំទ្រការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាឡើយ។
ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដោះស្រាយជម្លោះ ដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិនានា។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោលការណ៍ប្រុងប្រយ័ត្នក្នុងជម្លោះប្រដាប់អាវុធ ដើម្បីធានាការការពារប្រជាពលរដ្ឋស៊ីវិល និងកាត់បន្ថយផលប៉ះពាល់មនុស្សធម៌ឱ្យបានជាអតិបរមា។ ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃច្បាប់ មនុស្សធម៌អន្តរជាតិ បានកំណត់យ៉ាងច្បាស់អំពីការការពារជនស៊ីវិល និងជនរងគ្រោះពីប្រតិបត្តិការយោធា៕

You might also like