រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់លានដុល្លារកើនឡើង ៤,៣%
ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ១,៤៦ ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំចូលជិត ២ ពាន់លានដុល្លារ ការកើនជាង ២% ។
ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃសេវាកម្មគាំទ្រពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ២០២៦ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា កម្ពុជា-វៀតណាមបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនដូចជា កិច្ចព្រមព្រៀង ស្តីពីប្រតិបត្តិការពាណិជ្ជកម្ម ការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតាមព្រំដែន តំបន់, កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញ និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលបម្រើ និងជួយសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែនកាន់តែរលូន រវាងប្រទេសទាំងពីរ រួមទាំងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា ATIGA អាស៊ាន+ និង RCEP ជាដើម។
ឯកឧត្តម បន្ថែមថា ទាក់ទិនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ បង្ហាញពីសក្ដានុពលវិវត្តន៍គួរកត់សម្គាល់ ក្នុងនោះការ នាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងជាលំដាប់ពី ២,៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ៣,៧០ ពាន់លានដុល្លារ នៅឆ្នាំ២០២៤ និង៣,៧៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ចំណែកក្នុងរយៈពេល៣ខែដំបូង ក្នុងឆ្នាំ២០២៦ ពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបានសរុប ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ទំនាក់ទំនងមិត្តភាពដ៏ស្អិតល្មួត និងកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃការតភា្ជប់ប្រកបដោយនិរន្តរភាព និងការ លើកកម្ពស់យន្តការទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី បំពេញឱ្យគ្នាទៅវិញទៅមកក្នុងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែង ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ជុំវិញពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ក្នុងនោះ ប្រសិទ្ធភាពនៅព្រំដែន នៅមិនទាន់ចរចាបានស្រួលនៅឡើយសម្រាប់ពាណិជ្ជកម្ម តែទោះបីយ៉ាងណាប្រទេសទាំងពីរគ្រោងនឹងធ្វើឱ្យ ប្រសើរឡើង ប៉ុស្តិ៍ត្រួតពិនិត្យដូចជា ជ្រៃធំ-ខាញ់ប៊ិញ ទៅច្រកព្រំដែនអន្តរជាតិ និងអនុវត្តយ៉ាងពេញលេញនៃកិច្ចព្រមព្រៀងដឹកជញ្ជូន ផ្លូវទឹក។ នេះបង្កើតបណ្តាញភស្តុភារពហុម៉ូឌុល ដែលកាត់បន្ថយការចំណាយ និងបង្កើនការប្រកួតប្រជែងជាសកលរបស់យើង។
ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ក្នុងជំនួបនាពេលថ្មីៗនេះ រវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងខែ កុម្ភៈ ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឯកឧត្តម Tran Cam Tu នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេសក្នុងការ តភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូន ថាមពល ឧស្សាហ៍កម្ម និងឌីជីថល ការពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងជំរុញទេសចរណ៍ ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ២០ ពាន់លានដុល្លារ នាពេលខាងមុខ៕






