ឯកឧត្តម ឈឹម សៅគី បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង នៅខេត្តមណ្ឌលគិរី និងស្ទឹងត្រែង

(ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង) នាថ្ងៃព្រហស្បតិ៍ ៧កើត-សុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិករប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង នៅតាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ រួមមាន ៖
គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៤៥ម ទទឹង ៨ម ស្ថាបនាលូប្រអប់បង្កប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួន ៤កន្លែង និងលូមូលមុខមួយចំនួន ៧កន្លែង ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ម ទទឹង ៨ម កម្រាស់ ០,២ម ស្ថាបនាស្ពានបេតុងចំនួន ៤កន្លែង ប្រវែងសរុប ១៥៣ម ទទឹង ៨ម (១៨ម ចំនួន ១កន្លែង ៣០ម ចំនួន ១កន្លែង ៤៥ម ចំនួន ១កន្លែង និង៦០ម ចំនួន ១កន្លែង) សំណង់ស្ទាក់ទឹកចំនួន ១កន្លែង លូប្រអប់បង្កប់មុខបីចំនួន ៥កន្លែង លូប្រអប់បង្កប់មុខពីរចំនួន ៧កន្លែង និងលូមូលចំនួន ១០៤កន្លែង ស្ថិតនៅលើខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពី ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង និងភាគីអ្នកទទួលការ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ចប់សុពលភាពការងារដោយរក្សាបាននូវគុណភាព និងសោភ័ណភាពល្អ

You might also like