ក្ដីសង្ឃឹមលើការចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់រលាយបាត់ទៅវិញ ក្រោយលោក ត្រាំ លុបចោលជំនួបនៅប៉ាគីស្ថាន
(វ៉ាស៊ីនតោន)៖ ក្ដីសង្ឃឹមក្នុងការសម្រេចបាននូវលទ្ធផលការទូត ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ បានរលាយបាត់ទៅវិញនាថ្ងៃអាទិត្យ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្ដារការចរចាឡើងវិញបានជួបភាពជាប់គាំង ហើយភាគីទាំងសងខាងនៅតែរក្សាជំហររឹងត្អឹងរៀងៗខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានធ្វើដំណើរចាកចេញពីប្រទេសប៉ាគីស្ថាន ត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញ បន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួលកាលពីចុងសប្តាហ៍មិនទទួលបានលទ្ធផលផ្លែផ្កា។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសម្រេចលុបចោលគម្រោងបញ្ជូនប្រេសិតពិសេសរបស់លោក គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូសណឺ (Jared Kushner) ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដផងដែរ។
ទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់បណ្ដោះអាសន្ន ដើម្បីផ្អាកការវាយប្រហារទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែភាគីជម្លោះទាំងសងខាងនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាស្ថាពរបានឡើយ។ សង្គ្រាមដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ បង្កឱ្យមានអតិផរណា និងជះឥទ្ធិពលអាក្រក់ដល់ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចសកលទាំងមូល។
បច្ចុប្បន្ន ទីក្រុងតេហេរ៉ង់នៅតែបន្តបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាសធម្មជាតិប្រមាណមួយភាគប្រាំរបស់ពិភពលោក ខណៈដែលទីក្រុងវ៉ាស៊ីនតោនក៏បានបន្តអនុវត្តវិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់យ៉ាងតឹងរ៉ឹងបំផុតដូចគ្នាដែរ៕






