កូនក្រមុំវៀតណាម និងកូនកំលោះខ្មែរ ប្រកាសចែកផ្លូវគ្នា ផ្ទុះផ្អើលពេញបណ្ដាញសង្គម បានចែកផ្លូវគ្នាដើររៀងៗខ្លួនហើយ ក្រោយរៀបការជាប្ដីប្រពន្ធនឹងគ្នាបានត្រឹម ៣ ខែ
ថ្មីៗកន្លងទៅនេះ កូនក្រមុំវៀតណាមមកពីខេត្ត Tay Ninh ដែលរៀបការជាមួយកូនកំលោះកម្ពុជា ផ្ទុះផ្អើលពេញបណ្ដាញសង្គមមួយរយៈមុននោះ បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ក្រោយរៀបការជាប្ដីប្រពន្ធនឹងគ្នាបានត្រឹម ៣ ខែ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាសង្ស័យថាចំណងស្នេហ៍រវាងគូស្នេហ៍ទាំងពីររង្គោះរង្គើនោះ គឺមហាជនសង្កេតឃើញនៅលើបណ្ដាញសង្គម TikTok កូនក្រមុំវៀតណាម Nguyen Duyen បានចុច like ខមមិនមួយរៀបរាប់ពីការផ្ដល់កម្លាំងចិត្ត និង ជជែកវែកញែកពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរបស់ពួកគេ ខណៈកូនកំលោះកម្ពុជា ឡុង ហួរ បានបិទរាល់វីដេអូរៀបការ និង វីដេអូរបស់ភរិយាលោកទាំងអស់លើបណ្ដាញសង្គម។
នៅយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ ដើម្បីឱ្យមហាជនអស់សង្ស័យ កូនក្រមុំវៀតណាមក៏បានចេញមកឡាយវីដេអូ បកស្រាយ និង បញ្ជាក់យ៉ាងច្បាស់ៗថា ប្ដីប្រពន្ធរបស់ពួកគេទាំងពីរពិតជាបានចែកផ្លូវគ្នាមែន។ នាងបានរៀបរាប់ថា ពួកគេបានសម្រេចចិត្តដើរផ្លូវរៀងៗខ្លួនកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
ការសម្រេចចិត្តនេះដែរក៏ទទួលបានការយល់ព្រមពីក្រុមគ្រួសារទាំងសងខាងផងដែរ។ នាងបានឱ្យដឹងទៀតថា ដោយសារតែពួកគេទាំងពីរមិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទេ ដូច្នេះការចែកផ្លូវគ្នានេះមិនចាត់ទុកថាជាការលែងលះគ្នានោះឡើយ។
ចំពោះហេតុផលដែលពួកគេមិនអាចរួមរស់ជាមួយគ្នាបានទៀតនោះ ខាងកូនក្រមុំវៀតណាមបានបញ្ជាក់ថា «ដោយសារតែពួកគេមានគំនិតខុសគ្នា ការងារខុសគ្នា ភាសាខុសគ្នា ហើយទំនៀមទម្លាប់ក៏ខុសពីគ្នា ទើបធ្វើឱ្យពួកគេសម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះដោយមានការយល់ព្រមពីក្រុមគ្រួសារទាំងសងខាង»។
នាងបានបន្ថែមទៀតថា «ក្នុងស្ថានភាពនេះ មិនមាននរណាម្នាក់ជាអ្នកខុសនោះឡើយ។ ក្ដីស្រឡាញ់ជារឿងមួយ ប៉ុន្តែការរៀបការ និង រួមរស់ជាមួយគ្នាគឺជារឿងមួយទៀត»។ នាងថា នាងចង់រក្សាភាពស្ងប់ស្ងាត់ដែរ ប៉ុន្តែដោយសារតែពាក្យចចាមអារ៉ាមលេចឮផ្ទុះផ្អើលខ្លាំងពេក ទើបនាងសម្រេចចិត្តចេញមកបកស្រាយឱ្យអស់ចម្ងល់តែម្ដង។
កូនក្រមុំវៀតណាម Nguyen Duyen បានបដិសេធចចាមអារ៉ាមថា គ្រួសារនាងទាំងសងខាងមានជម្លោះនឹងគ្នាទើបឈានដល់ការបែកបាក់គ្នានេះ។ នាងថា ក្រោយបែកបាក់គ្នា នាង និង អតីតគូស្នេហ៍ គឺនៅតែជាមិត្តភក្តិនឹងគ្នា គោរពគ្នាទៅវិញទៅមក ហើយគ្រួសារទាំងសងខាងក៏នៅតែសហការធ្វើជំនួញជាមួយគ្នាតាមធម្មតា៕






