ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» ដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង
ស្វាយរៀង៖ នាថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» នៅសាលាដំបូងខេត្តស្វាយរៀង ដល់មន្ត្រីតុលាការ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីពន្ធនាគារ និងមន្ត្រីសង្គមកិច្ច នៅក្នុងខេត្តស្វាយរៀង។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្ត ដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ សំដៅធានាបាននូវការអប់រំកែប្រែទណ្ឌិតក្នុងសហគមន៍បានល្អពិតប្រាកដ ដើម្បីសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។
ក្នុងនាមជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា «ការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ គឺជាការរួមគ្នារវាងស្ថាប័នតុលាការ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ក្នុងការផ្ដល់ឱកាសដល់ទណ្ឌិត និងអនីតិជនដែលកែប្រែខ្លួនពិតប្រាកដ ឱ្យធ្វើសមាហរណកម្មចូលក្នុងសង្គមវិញតាមរយៈការគោរព និងបំពេញកាតព្វកិច្ចតាមការកំណត់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកផងដែរថា រាល់ការបំពានកាតព្វកិច្ចណាមួយ តុលាការនឹងដកហូតការដោះលែង និងនាំខ្លួនមកអនុវត្តទោសបន្តក្នុងពន្ធនាគារវិញ ៕






