តុលាការកូរ៉េខាងត្បូង ដំឡើងទោសភរិយាអតីតប្រធានាធិបតី Yoon ដោយត្រូវជាប់ពន្ធនាគារដល់៤ឆ្នាំ
(សេអ៊ូល)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ អតីតជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចបន្ថែមរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានចូលរួមក្នុងសកម្មភាពខុសច្បាប់ នៃការក្រឡុកតម្លៃផ្សារភាគហ៊ុន ដែលជាក្រឡាស់មកវិញនូវសេចក្តីសម្រេចកន្លងមក របស់តុលាការជាន់ទាប ដែលបានកាត់ឱ្យលោកស្រី រួចផុតពីការបទចោទនេះ។ តុលាការឧទ្ធរណ៍ ក៏បានរកឃើញដែរថា លោកស្រី Kim បានទទួលកាបូបម៉ាក Chanel ចំនួន២ និងខ្សែក Graff មួយខ្សែ គិតជាទឹកប្រាក់សរុបប្រហែល៨០លានវ៉ុន ឬស្មើនឹងជាង៥៤០០០ដុល្លារ ពីក្រុមសាសនា Unification Church ដែលត្រូវបានចាត់ទុកជា ការទទួលសំណូក។
ចៅក្រមតុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាជំទាវទី១ ហើយប្រព្រឹត្តអំពើពុករលួយ ដែលបានធ្វើឱ្យខូចការជឿទុកចិត្តរបស់សាធារណជន ចំពោះតម្លាភាពរបស់រដ្ឋាភិបាល ហើយបង្កភាពប្រេះឆាក្នុងទស្សនៈមហាជន ជុំវិញកិច្ចការរបស់ជាតិ។ តុលាការ ថែមទាំងបានពិន័យប្រាក់លោកស្រី Kim ចំនួន៧០លានវ៉ុន និងបង្គាប់ឱ្យរឹបអូសខ្សែកខាងលើ។
គួរបញ្ជាក់ថា ដំបូងឡើយ លោកស្រី Kim Keon Hee ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារត្រឹម២០ខែ កាលពីខែមករា ពីបទពុករលួយតែមួយមុខប៉ុណ្ណោះ។ លោកស្រីបានជាប់ឃុំឃាំងក្នុងពន្ធនាគារ ចាប់តាំងពីខែសីហា ឆ្នាំ២០២៥។ លោកស្រីគឺជាភរិយារបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ពីអំណាច ជុំវិញការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤ ហើយរូបលោកផ្ទាល់ ក៏កំពុងប្រឈមមុខជាមួយសំណុំរឿងជាច្រើនដែរ។ លោក Yoon ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែកុម្ភៈ ក្រោមបទចោទប្រកាន់បង្កការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក៕






