អាជ្ញាធរចុះបង្ក្រាបកន្លែងចម្រាញ់រ៉ែមាស នៅស្រុកគាស់ក្រឡ ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ
(បាត់ដំបង)៖ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានបំបែកកន្លែងចម្រាញ់រ៉ែមាសខុសច្បាប់មួយកន្លែងនៅភូមិបន្ទាយចា ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ កន្លែងចម្រាញ់រ៉ែមាសនេះ បានធ្វើសកម្មភាពយូរហើយ តែមិនបានរំខានដល់មេភូមិ មេឃុំ ឬមេស្រុកនោះទេ។
កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ បានស្នើមកកាន់ ជួយផ្សាយរឿងក្លិនស្អុយចេញពីកន្លែងចម្រាញ់រ៉ែមាសស្ថិតនៅទីតាំងខាងលើបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីព័ត៌មានត្រូវបានផ្សាយចេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានមានមន្ត្រីសាលាឃុំឆ្នាល់មាន់ អភិបាលរងស្រុកគាស់ក្រឡ បានចុះត្រួតពិនិត្យទីតាំងចម្រាញ់រ៉ែមាសខាងលើ។
ពេលចុះទៅ គឺពិតជាបានរកឃើញកន្លែងចម្រាញ់រ៉ែមាសដែលគ្មានច្បាប់អនុញ្ញាតនោះម្ចាស់ទីតាំងមានឈ្មោះ ណែត សំណាង។
ក្រោយឃើញបែបនោះ អាជ្ញាធរមិនបានចាត់វិធានការច្បាប់អ្វីនោះទេ គឺគ្រាន់តែណែនាំម្ចាស់ទីតាំង និងបញ្ឈប់សកម្មភាពចម្រាញ់រ៉ែមាស ហើយណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យរុះរើឧបករណ៍កែច្នៃរ៉ែមាសនោះ។
ក្រុមការងារក៏បានណែនាំឱ្យសំអាតសារធាតុគីមី ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ នៅជុំវិញទីនោះ តាមលក្ខណៈបច្ចេកទេស ក្នុងរយៈពេលមួយសប្តាហ៍ជាកំហិត។
ពាក់ព័ន្ធនឹងសកម្មភាពលួចចម្រាញ់រ៉ែមាសបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ។ ប្រជាពលរដ្ឋបានដាក់ជាចម្ងល់ថា បើតាមប្រជាពលរដ្ឋសកម្មភាពចម្រាញ់រ៉ែមាសនេះ មានសកម្មភាពយូរហើយ ហេតុអ្វីអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ មេឃុំ និងអភិបាលស្រុកមិនដឹងនូវសកម្មភាពនេះ?






