វិមានក្រឹមឡាំង ៖ លោក Putin និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីអ៊ីរ៉ង់ និងអ៊ុយក្រែន
ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yuri Ushakov )បាននិយាយកាលពីថ្ងៃពុធ ២៩ មេសា សប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយសមភាគី អាមេរិក លោក Donald Trump ដោយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន។
លោក យូសាកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន រួមទាំងមកពីសារព័ត៌មាន AFP ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថា ការហៅទូរស័ព្ទនេះមានរយៈពេលជាង៩០នាទី ហើយមានលក្ខណៈស្មោះត្រង់ និងដូចកិច្ចការធុរកិច្ច។
លោក យូសាកូវ បាននិយាយថា ប្រធានាធិបតីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែក្ស។
លោកយូសាកូវ បាននិយាយថា លោក Vladimir Putin ចាត់ទុកការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការបន្ថែមពេលវេលាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ ព្រោះនេះគួរតែផ្តល់ឱកាសដល់ការចរចា និងជារួម ជួយធ្វើឲ្យស្ថានភាពមានស្ថិរភាព។ ប៉ុន្តែលោក Putin ក៏បានបានគូសបញ្ជាក់ពីផលវិបាកជៀសមិនរួច និងបង្កគ្រោះថ្នាក់ខ្លាំង មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ងាកទៅរកសកម្មភាពយោធាម្តងទៀត។
លោកបានបន្ថែមថា រុស្ស៊ី ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត លើសង្គ្រាមមជ្ឈិមបូព៌ា ហើយបាននិយាយថា ការហៅទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ទីក្រុងមូស្គូ។
នៅទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានការសន្ទនាដ៏ល្អមួយ ជាមួយលោក Putin ទោះបីជាលោកបាននិយាយថា ជំនួបតាមទូរសព័្ទនោះ បានផ្តោតលើសង្គ្រាមអ៊ុយក្រែនច្រើនជាងសង្គ្រាមអ៊ីរ៉ង់ក៏ដោយ៕






