នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបការចល័តខ្លួនរបស់ជនបរទេស ពាក់ព័ន្ធ Online Scam

ខេត្ត កំពង់ស្ពឺ៖ ខណៈអាជ្ញាធរកម្ពុជាកំពុងបង្ក្រាបទីតាំងឆបោកតាមអនឡាញយ៉ាងតឹងរឹងនៅតាមបណ្តាខេត្តនានា ជាពិសេសនៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានជនបរទេសមួយចំនួនបានគេចខ្លួន និងចល័តទៅកាន់តំបន់ផ្សេងៗដែលពួកគេគិតថាមានសុវត្ថិភាព។ ក្នុងនោះ ខេត្តកំពង់ស្ពឺ ត្រូវបានកំណត់ជាគោលដៅមួយសម្រាប់លាក់ខ្លួន។ ដើម្បីទប់ស្កាត់បញ្ហានេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ឃឹម សុកខៃ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការចុះអន្តរាគមន៍ និងត្រួតពិនិត្យការចល័តជនបរទេសនៅក្នុងភូមិសាស្ត្រខេត្ត។
យោងតាមប្រភពព័ត៌មាន នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ និងត្រួតពិនិត្យគ្រប់មធ្យោបាយដឹកជញ្ជូន ដោយបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
លោក ឃឹម សុកខៃ បានបញ្ជាក់ថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានគោលដៅបោសសម្អាតបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីខេត្ត។អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានអាគារ ផ្ទះសំណាក់ ឬទីតាំងជួលឲ្យជនបរទេស សហការជាមួយអាជ្ញាធរ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធ ដើម្បីអាចត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសបានទាន់ពេលវេលា៕

You might also like