បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបេីកម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវបានបុរសម្នាក់ទៀតបេីករថយន្ដមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យរុឺម៉កដាច់ចេញពីគ្នា រួចបង្កទៅជាអគ្គិភ័យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបេីកម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានបុរសម្នាក់ទៀតបេីករថយន្ដ LEXUS NX350 មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយបណ្តាលឲ្យរុឺម៉កដាច់ចេញពីគ្នារួចបង្កទៅជាអគ្គិភ័យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ លុះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក LEXUS NX350ពណ៌សពាក់ ផ្លាក លេខ កម្ពុជា VSP.2727 បើកបរដោយបុរសម្នាក់ធ្វើដំណើស្របគ្នាមកពីក្រោយយ៉ាងលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កប៉ើងដាច់ចេញពីគ្នា ចំណែកបុរសជាម្ចាស់រុឺម៉កស្លាប់យ៉ាងអាណោចអាធ័មហើយរថយន្ដបង្កចេញជា អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែ ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យ និងទឹកមកជួយពន្លត់ទាន់ពេលវេលា ។

សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្ដនិងម៉ូតូសណ្ដោងរ៉ឺម៉ក ដែលឆាបឆេះយកទៅរក្សាទុករង់ចាំ ការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯជនរងគ្រោះសមត្ថកិច្ចធ្វើលិខិត ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

You might also like