លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
ក្នុងឱកាសជួបសម្តែងការគួរសម លោកជំទាវ និងប្រតិភូសមាគម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិតសូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ។
នៅព្រឹកថ្ងៃដដែល លោកជំទាវប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវ និងប្រតិភូសមាគម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងបានគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕

You might also like