ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ក្នុងបេសកកម្មនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទី១) ទីតាំងស្ដារអូរ នៅមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ទី២) ទីតាំងសាងសង់អណ្ដូងទឹក នៅតំបន់ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី៣) ទីតាំងស្ដារអូរ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកនៅតាមមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ មានបរិមាណគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ឯកឧត្ដមបានបន្តចុះពិនិត្យទីតាំងដែលមានសក្ដានុពល ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ និងពង្រីកប្រភពទឹកបន្ថែម សំដៅធានា ការផ្គត់ផ្គង់ទឹកស្អាត និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព ដើម្បីជៀសវាងការខ្វះខាតនាពេលខាងមុខ៕

You might also like