ជនជាតិចិនជាង ១០០នាក់ ដែលសម្រុកចេញពីក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួន
(បន្ទាយមានជ័យ)៖ ជនជាតិចិនជាង ១០០នាក់ ដែលសម្រុកចេញពីទីក្រុងប៉ោយប៉ែត នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួន ហើយនាំយកទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី។
ការសម្រុកចេញរបស់ជនជាតិចិនទាំងនេះ ក្រោយកម្លាំងសមត្ថកិច្ច ប្រើវិធានការយ៉ាងក្តៅគគុក បង្ក្រាបបទល្មើស Scam Online នៅក្រុងប៉ោយប៉ែត នាពេលប៉ុន្មានថ្ងៃមកនេះ។
សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន ទទួលបាន, ក្រោយដឹងថាកម្លាំងសមត្ថកិច្ចចម្រុះ បន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Scam Online នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែមានជនជាតិចិនមួយចំនួន បាននាំគ្នាដើរប្រសេចប្រសាចពេញផ្លូវទិសដៅចាកចេញពីក្រុង តែមិនមានគោលដៅច្បាស់លាស់នោះទេ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ, អាជ្ញាធរ និងកម្លាំងនគរបាល បានចេញតាមឃាត់ខ្លួនពួកគេជាង១០០នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមច្បាប់។






