ភ្លើងឆេះព្រៃធំសម្បើមមួយនៅជប៉ុន ទីបំផុតត្រូវគ្រប់គ្រងបាន ក្រោយរយៈពេល១១ថ្ងៃ
(តូក្យូ)៖ អាជ្ញាធរជប៉ុននាថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំសម្បើមមួយនៅភាគខាងជើងប្រទេស ត្រូវគ្រប់គ្រងបានហើយនាពេលនេះ ក្រោយរយៈពេល១១ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយសមាជិកកងទ័ពជាង១០០០នាក់ បានតស៊ូទប់ទល់ជាមួយភ្លើងឆេះព្រៃខាងលើ ដែលជាភ្លើងឆេះព្រៃធំបំផុតទី២ ក្នុងរយៈពេល៣០ឆ្នាំនៅប្រទេសជប៉ុន ចាប់តាំងតែពីសប្តាហ៍មុនមក ខណៈវាបានឆាបឆេះផ្ទៃដីខ្ទង់១៦០០ហិកតា នៅតំបន់ Iwate។ សំណង់យ៉ាងហោច៨ខ្នង បានរងការខូចខាត ហើយមនុស្ស២នាក់បានរងរបួស។ អភិបាលក្រុង Otsuchi លោក Kozo Hirano បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្លើងឆេះព្រៃនេះ ទីបំផុតត្រូវគ្រប់គ្រងបាន ក្រោយកិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យ បូករួមជាមួយការធ្លាក់ភ្លៀងខ្លាំង នាពេលថ្មីៗ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ តំបន់ Iwate ក៏ធ្លាប់រងគ្រោះភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញផ្ទៃដី២៦០០ហិកតាផងដែរ ដែលជាភ្លើងឆេះព្រៃធំជាងគេបង្អស់ នៅក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៧៥ នៅពេលដែលផ្ទៃដី២៧០០ហិកតា ត្រូវបានឆាបឆេះដោយភ្លើងឆេះព្រៃ នៅទីក្រុង Kushiro លើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន៕






