លោកអភិបាលស្រុកអង្គរបូរីថ្មី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបង្គោលសីមាព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី
តាកែវ ៖ នាថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលនៃគណៈអភិបាល ស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អមដំណើរដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក លោក ឈឹម ធី អភិបាល រងស្រុក ព្រមទាំងមានការចូលរួមពីកម្លាំងផ្នែកសឹក រងស្រុក អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងវរៈការពារព្រំដែន និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្គោលសីមាព្រំប្រទល់រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ ជាប់នឹងស្រុកអានភូ ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងបេសកកម្មចុះពិនិត្យជាក់ស្តែងនេះ លោកអភិបាលស្រុក និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យស្ថានភាពបង្គោលសីមាធំ (ប្រភេទ C) ចំនួន ០៣ បង្គោល រួមមាន៖ បង្គោលលេខ ២៥៤, ២៥៥ និងលេខ ២៥៦។ បន្ថែមពីនេះ ក្រុមការងារក៏បានពិនិត្យផ្ទៀងផ្ទាត់បង្គោលតម្រុយសរុបចំនួន ២១ បង្គោល និងបង្គោលពិសេសចំនួន ៣២ បង្គោល ដែលស្ថិតក្នុងចន្លោះខ្សែបន្ទាត់ព្រំដែននៃបង្គោលសីមាទាំង ០៣ ខាងលើផងដែរ។
សូមបញ្ជាក់ថា បេសកកម្មចុះពិនិត្យបង្គោលសីមានេះ គឺជាកិច្ចការងារអាទិភាពមួយរបស់រដ្ឋបាលស្រុកអង្គរបូរី ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី និងធានាឱ្យបាននូវសន្តិសុខតាមបណ្តោយព្រំដែនជូនប្រជាពលរដ្ឋ៕






