រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេសបារាំង ជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការលើគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យ

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈ ការបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Grenoble Aples ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរការសិក្សា និងការផ្លាស់ប្តូរសាស្រ្តាចារ្យ លើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មី រួមមាន វិទ្យាសាស្រ្តលម្ហអាកាស (Space Science) សន្តិសុខសាយប័រ (Cybersecurity) និង បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ផងដែរ។

You might also like