បុរសកាន់ដំបងកាក់មុខរថយន្តដឹកកុងតឺន័រ និងគំរាមវាយអ្នកបើកបរ សមត្ថកិច្ចឃាត់សួរនាំ ក្រោយវីដេអូផ្ទុះលើបណ្ដាញសង្គម
(ភ្នំពេញ៖ បុរសម្នាក់ដែលធ្វើសកម្មភាពកាន់ដំបងឈរកាក់មុខរថយន្តដឹកកុងតឺន័រ និងគំរាមប្រើហិង្សាលើអ្នកបើកបរ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីមានការផ្សព្វផ្សាយរូបភាព និងវីដេអូពាក់ព័ន្ធនៅលើបណ្ដាញសង្គម ដែលបង្កការចាប់អារម្មណ៍ពីមហាជន។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១និង១០នាទីព្រឹក នៅលើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីរងគ្រោះមានឈ្មោះ ថេង ប៊ុនថាត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិសូគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនបង្កមានឈ្មោះ សាម ភារុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅបន្ទប់ជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកដល់ចំណុចខាងលើ ស្រាប់តែជួបជនបង្ក ដែលបានកាន់ដំបងឈរកាក់មុខរថយន្ត និងហៅឱ្យចុះមកដោះស្រាយបញ្ហាជាមួយគ្នា។ ក្នុងពេលនោះ ជនបង្កបានវាយទៅលើកាបាំងជ័រការពារទឹកភ្លៀងនៅទ្វាររថយន្ត បណ្ដាលឱ្យរងការខូចខាតស្រាល។
ការស្រាវជ្រាវបឋមបានបង្ហាញថា ភាគីទាំងពីរជាមិត្តភក្តិនឹងគ្នា ហើយមូលហេតុផ្ដើមចេញពីការខឹងទាស់ពាក្យសម្ដីគ្នានៅលើបណ្ដាញសង្គម មុនឈានដល់ការប្រឈមមុខគ្នាផ្ទាល់។
លុះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានទាក់ទងភាគីជនរងគ្រោះឱ្យចូលមកដាក់ពាក្យបណ្ដឹង ប៉ុន្តែតំណាងភាគីរងគ្រោះបានសម្រេចមិនប្តឹងផ្តល់ឡើយ បន្ទាប់ពីជនបង្កបានទទួលស្គាល់កំហុស សុំទោស និងទទួលបានការយោគយល់ពីភាគីម្ខាងទៀត។
ក្រោយការសម្របសម្រួលរបស់សមត្ថកិច្ច ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់វិវាទ ដោយធ្វើកិច្ចសន្យាមិនប្តឹងផ្តល់គ្នា ខណៈជនបង្កក៏ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កបញ្ហាបែបនេះជាថ្មី ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម៕






