កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌបឹងកេងកង ឃាត់ខ្លួនមនុស្ស១៦នាក់ និងសង្គ្រោះជនរងគ្រោះម្នាក់

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ដែលស្ថិតនៅអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ក្រុមការងារចម្រុះដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង, លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង, មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ, លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកវរសេនីយ៍ឯក វុឌ្ឍ ផូសារវ័ន្ត ដោយបានសម្របសម្រួលផ្លូវច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយបញ្ចប់ការត្រួតពិនិត្យជាក់ស្តែងឃើញថា ទីតាំងនេះរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើស៣ករណី រួមមាន៖
ករណីទី១៖ សង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត
ករណីទី២៖ ជនបរទេសចំនួន៤នាក់ (ប្រុស) សញ្ជាតិចិន ពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS។ យោងតាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើស ONLINE SCAMSក្រោមរូបភាពបង្កើតស្ទូឌីយោក្លែងក្លាយ ក្នុងគោលបំណងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្ភារដែលត្រូវដកហូតរួមមាន ទូរស័ព្ទដៃ ចំនួន១២៧គ្រឿង, CPU ចំនួន២គ្រឿង, Monitor ចំនួន២គ្រឿង និងAll In One ចំនួន៤គ្រឿង។ យោងតាមការកោសល្យវិច័យបឋមលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្ឋិដ្ឋានបានថា សង្ស័យពាក់ព័ន្ធការក្លែងអត្តសញ្ញាណ ដើម្បីបម្រើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ករណីទី៣៖ ជនបរទេសស្នាក់នៅខុសច្បាប់ ដោយពុំមានលិខិតស្នាមជាប់ខ្លួនសរុបចំនួន១២នាក់(ប្រុស) ៣សញ្ជាតិចិន និងវៀតណាម៕

You might also like