ស្នងការរងខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងក្នុងផែនធនធានមនុស្ស គោរពវិន័យនិងបំពេញភារកិច្ចឱ្យបានល្អ
បន្ទាយមានជ័យ៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សបានដឹកនាំកិច្ចប្រជុំកម្លាំង ក្នុងផែនកិច្ចប្រជុំនេះមានគោលបំណងដើម្បីពង្រឹងវិន័យនិងជម្រុញការងារបំពេញភារកិច្ចឲ្យកាន់តែល្អប្រសើរ។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និមានការចូលរួមពីលោកវរៈសេនីយ៍ទោ សាន សុវណ្ណារី ស្នងការរងជំនួយការដឹកនាំការិយាល័យបណ្ដុះបណ្ដាលនិងវិក្រិត្យការ នាយ នាយរងការិយាល័យ នាយ នាយរងផ្នែកនិងមន្ត្រីនៃការិយាល័យទាំង៣ចំណុះឱ្យផែន។
បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់នាយការិយាល័យទាំង៣មានការិយាល័យបុគ្គលិក ការិយាល័យផ្សព្វផ្សាយអប់រំ និងការិយាល័យបណ្ដុះបណ្ដាលនិងក្រិត្យការដែលបានលើកអំពីការងារអនុវត្តកន្លងមក និងការប្រឈមចំនួននោះរួចមក។
មានមតិនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីវង្ស វិត ក្នុងនាមតំណាងជួសមុខឱ្យលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនិងក្នុងនាមលោកផ្ទាល់ ជាថ្នាក់ដឹកនាំផែន សូមថ្លែងនូវការកោតសរសើរដល់កងកម្លាំងក្នុងផែនទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តគោរពបាននូវវិន័យ និងការចាត់តាំងរបស់ថ្នាក់ដឹកនាំបានល្អប្រសើរ ក្នុងគ្រាកន្លងមក។
ទន្ទឹមនឹងនោះផងដែរលោកឧត្តមសេនីយ៍ស្នងការរងបានជំរុញបន្ថែមដល់កងកម្លាំងការិយាល័យទាំងប៊៣ចំណុះផែនត្រូវបន្តអនុវត្តការងាររបស់ខ្លួនតាមតួនាទីនិងជំនាញរៀងៗខ្លួនឲ្យរឹតតែល្អបន្ថែមទៀតនិងគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន ព្រោះវិន័យគឺជាត្រីវិស័យចង្អុលទិសឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិយាយជារួមនិងនិយាយដោយឡែកកងកម្លាំងនគរបាលជាតិ ពិសេសគឺខ្លួនយើងផ្ទាល់នាំមកសេចក្តីថ្លៃថ្នូរ។ជាមួយគ្នានោះដែរ កម្លាំងទាំងអស់ត្រូវគោរពពេលវេលាម៉ោងធ្វើការនិងចុះបញ្ជីវត្តមានឲ្យបានត្រិមត្រូវ ជាងនេះទៀតត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការជិតស្និតជាមួយបណ្តាអង្គភាពនានាឲ្យបានល្អផងដែរ៕






