កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត, ជនបរទេសជាច្រើននាក់ត្រូវបានចាប់ខ្លួន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត៕






