ករណីពលរដ្ឋជួលឡានឲ្យជនបរទេស ដែលត្រូវបង្ក្រាប Online Scams! ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ បើមានឯកសារ និងលិខិតជួលត្រឹមត្រូវ ដោយមិនត្រូវគាបសង្កត់ទារលុយឡើយ

(ភ្នំពេញ)៖ ករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសមត្ថកិច្ចរៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។
នេះបើតាមការឲ្យដឹងពីលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភាម្សិលមិញ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរនឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត។
លោក រ៉េន រតនៈ បានបញ្ជាក់បែបនេះថា «សូមគោរពជូនជ្រាប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណី ប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឲ្យជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើងត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឲ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរ នឹងការបំពេញបែបបទ ប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត»។
ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បន្ទាប់មានពីការលើកឡើងរបស់អ្នករកស៉ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបទល្មើស Online Scams ថា រថយន្ដរបស់ខ្លួនដែលជួលឲ្យជនបរទេសនោះ ត្រូវបានសមត្ថកិច្ចដកហូតជាមួយវត្ថុតាងផ្សេងៗ ហើយមិនទាន់បានប្រគល់មកវិញនោះទេ។ ការបង្ក្រាបនេះ មានរថយន្ដច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការ ពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ដ្រីនគរបាលដែលត្រូវម្ចាស់រថយន្ដទាក់ទងទៅសួរនាំ ក៏បានពន្យល់ដែរថា រថយន្ដនេះនឹងត្រូវប្រគល់ជូនម្ចាស់ដើមវិញ ប្រសិនបើមានឯកសារបញ្ជាក់គ្រប់គ្រាន់ និងឯកសារជួល ប៉ុន្ដែការប្រគល់នេះនឹងធ្វើឡើងក្រោយបញ្ចប់នីតិវិធី។
បើតាមព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានម្ចាស់ឡានម្នាក់បានជួលឡានឲ្យជនជាតិចិន (មានកិច្ចសន្យាជួលត្រឹមត្រូវ) ដឹងត្រឹមតែថាជនជាតិចិននោះយកទៅជិះ ប៉ុន្ដែក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាប Online Scams នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងទៅ នៅពេលចាប់ខ្លួន សមត្ថកិច្ចក៏បានដកហូតទាំងរថយន្ដនោះ។
នៅពេលដកហូត សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនោះ នឹងត្រូវបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប៉ុន្ដែម្ចាស់ឡានជួល បានឆែកតាមប្រព័ន្ធ GPS ដែលភ្ជាប់ក្នុងឡាន មិនបានឃើញនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្បែរស្ពានអាកាសក្បាលថ្នល់នោះទេ ពោលឃើញនៅម្ដុំវត្តទួល ខណ្ឌឬស្សីកែវទៅវិញ។ សមត្ថកិច្ចក៏បានបញ្ជាក់ថា ឡាននេះមិនទាន់បញ្ចប់នីតិវិធីនៅឡើយទេ។ តើករណីនេះយ៉ាងដូចម្ដេចដែរ បើម្ចាស់ឡានគ្រាន់តែជួលឲ្យចិនជិះធម្មតានោះ?
គិតមកទល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ឡានដែលបានជួលនោះ គឺស្ថិតនៅក្នុងទីតាំងឯកជនមួយកន្លែង តាមបណ្ដោយផ្លូវលេខ៩៩ ម្ដុំវត្តទួល ខណ្ឌឫស្សីកែវ៕

You might also like