ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការបរិច្ចាគឈាម មិនត្រឹមតែជាការចែករំលែកតំណក់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ក្តីសង្ឃឹម និងជីវិតទៅកាន់អ្នកដែលកំពុងត្រូវការជំនួយ ពោលគឺមហាគ្រួសារវិស័យទេសចរណ៍ តែងតែរួមគ្នាធ្វើអំពើល្អ និងបន្តផ្សព្វផ្សាយស្មារតីមនុស្សធម៌ក្នុងសង្គមកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល សាមគ្គីភាព និងភាតរភាព ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ មន្ត្រីកិច្ចសន្យានៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញមកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម សរុបចំនួន ៣១០រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបានបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសង្គម ជាពិសេសការចូលរួមជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីជាកម្លាំងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យដែលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា «ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ពិសេសជាងនេះ កម្មវិធីបរិច្ចាគឈាម ក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ភាតរភាព និងការចូលរួមរបស់មហាគ្រួសារវិស័យទេសចរណ៍ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ និងបន្តផ្សព្វផ្សាយសារនៃក្តីស្រឡាញ់ ការចែករំលែក និងសន្តិភាពក្នុងសង្គមកម្ពុជាផងដែរ៕
ទីស្តីការក្រសួងទេសចរណ៍៖ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦






