អាមេរិក និងអ៊ីរ៉ង់ ខិតជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈតម្លៃប្រេងឆៅសកលធ្លាក់ចុះយ៉ាងខ្លាំង

(អ៊ីស្លាម៉ាបាដ)៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងខិតជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងលើអនុស្សរណៈមួយ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ។ នេះបើតាមការបញ្ជាក់ពីប្រភពក្នុងប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលកិច្ចចរចា ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពដដែលបានបញ្ជាក់ថា របាយការណ៍របស់សារព័ត៌មាន Axios ស្តីពីសំណើអនុស្សរណៈនេះគឺជាការពិត ខណៈដែលប៉ាគីស្ថាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសំណើទៅមក រវាងភាគីទាំងសងខាង។ សេចក្តីរាយការណ៍អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះយ៉ាងគំហុកជាង ៨ភាគរយ មកនៅត្រឹមប្រមាណ ១០០ដុល្លារក្នុងមួយធុង ខណៈដែលទីផ្សារភាគហ៊ុនសកលបានហក់ឡើងខ្ពស់ ដោយសារក្តីសង្ឃឹមពីការបញ្ចប់សង្គ្រាមដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

យោងតាម Axios កិច្ចព្រមព្រៀងនេះអាចនឹងតម្រូវឱ្យអ៊ីរ៉ង់ផ្អាកកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្តោះអាសន្ន ជាថ្នូរនឹងការដែលសហរដ្ឋអាមេរិកយល់ព្រមលើកលែងទណ្ឌកម្ម និងដោះលែងមូលនិធិអ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក។ លើសពីនេះ ភាគីទាំងពីរនឹងត្រូវដកចេញនូវរាល់ការរឹតត្បិតលើការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសផងដែរ។

ព័ត៌មាននេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកបេសកកម្មយោធាក្នុងការបើកច្រកសមុទ្រហ័រមូស ដើម្បីទុកពេលឱ្យដំណើរការចរចាសន្តិភាព។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរង់ចាំការឆ្លើយតបពីភាគីអ៊ីរ៉ង់លើចំណុចសំខាន់ៗមួយចំនួនទៀត ដែលរំពឹងថានឹងមានភាពច្បាស់លាស់ក្នុងរយៈពេល ៤៨ម៉ោងខាងមុខនេះ៕​

You might also like