បុរសម្នាក់ស្រវឹងស្រា ដែលស្រែកឡូឡា គំរាមបាញ់សម្លាប់ និងប៉ះពាល់ថ្នាក់ដឹកនាំ ត្រូវនគរបាលហៅមកសួរនាំ, មូលហេតុខឹងកូនប្រសាយកលុយចំណងដៃរត់បាត់
(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រា ហើយខឹងកូនប្រសារយកលុយចំណងដៃរត់គេចខ្លួន និងបាននិយាយរាលដាលពាក្យសំដី មិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការកោះហៅយកមកសួរនាំ។
បន្ទាប់ពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម ចំពោះសកម្មភាពពាក្យសំដីបុរសម្នាក់ ដែលស្រវឹងស្រាខឹងនឹងកូនប្រសារប្រុស យកលុយចំណងដៃជិះម៉ូតូគេចខ្លួនបាត់ នៅចំណុចហាងមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម និងបាននិយាយប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំ។
អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានធ្វើការកោះហៅបុរសឈ្មោះ អាន មករា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធិនពិការ មានទីលំនៅភូមិបុកស្បូវ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកសួរនាំបំភ្លឺ។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើ បានរៀបរាប់ពីដំណើររឿង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គាត់បានមកចូលរួមកម្មវិធីកាត់ចំណងដៃកូន នៅហាងសូណាមិ ផ្លូវ២០០៤ ភូមិអូរគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះដល់វេលាម៉ោងប្រហែល០១៖០០នាទីយប់អធ្រាត្រ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់ហាងគិតលុយទើបដឹងថា កូនប្រសាប្រុសឈ្មោះ ប៊យ ចាន់ណាត់ មុខរបរជាងជួសជុលរថយន្ត បានប្រមូលយកលុយចំណងដៃទាំងអស់ រត់គេចខ្លួនបាត់ ទើបគាត់មានការខឹងសម្បារ និងកូនប្រសារក៏ស្រែកឡូឡា និងប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់ថ្នាក់ដឹកនាំ។
បុរសខាងលើទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសុំទោសជាសាធារណៈ ដល់ថ្នាក់ដឹកនាំសាធារណជន សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះកំហុសឆ្គងដោយគាត់ បានប្រើពាក្យសំដីមិនសមរម្យ។ បុរសនោះ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ និងអនុញ្ញាតឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕






