សមត្ថកិច្ចខេត្តបាត់ដំបង បង្ក្រាបករណីលបលួចប្រពឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកកំរៀង

បាត់ដំបង ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ ឯកឧត្តម ឌួង ឧត្តម សមាជិកលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារចម្រុះទី៣ និងឯកឧត្តម ធូ ភា អភិបាលរងខេត្ត មានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ចៅ កុជេង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាបករណីលបលួចប្រពឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចទីតាំងកាស៊ីណូ អ៊ីហ្គលឃីង-Eagle King ស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ២០នាក់ ស្រី ០២នាក់ (ជនជាតិចិន ១៧នាក់ ស្រី ០២នាក់ និងខ្មែរ ០៣នាក់) ។ វត្ថុតាងដកហូតបានរួមមាន៖ កុំព្យូទ័រចម្រុះ ១០៦គ្រឿង, ទូរស័ព្ទដៃ ៣០៥គ្រឿង, ស៊ីមទូរស័ព្ទ ៣៩សន្លឹក, អេក្រង់កុំព្យូទ័រ ០៨គ្រឿង និងIpad ០២គ្រឿង។
ជនសង្ស័យកំពុងបន្តនីតិវិធី រីឯវត្ថុតាងបានធ្វើកំណត់ហេតុរក្សាទុក ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕

You might also like