បើកដំណើរការសេវាសាធារណៈរហ័សភ្លាម! ក្រសួងរៀបចំដែនដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន

(ភ្នំពេញ)៖ មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាលកណ្តាលក្រសួងជាលើកដំបូង បានចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន។

ឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំយន្តការ ផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រជាពលរដ្ឋ និងធុរជនដែលមាន តម្រូវការប្រើប្រាស់សេវារហ័សខាងលើ អាចមកដាក់ពាក្យស្នើសុំ នៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងដែនដីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅទទួលសេវារហ័សនៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី បើសិនឯកសារមានការស្ទះនៅតាមមន្ទីររៀបចំដែនដីតាមរាជធានី-ខេត្ត។ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នឹងអង្គុយចុះហត្ថលេខាលើប្លង់រឹងជូនប្រជាពលរដ្ឋ និងធុរជន ដើម្បីចេញជូនពួកគាត់ភ្លាម។

សេវាសាធារណៈរហ័ស(Express Service) មានដូចជា៖ ការចុះបញ្ជីដីធ្លី, ការស្នើសុំបំបែបក្បាលដី, ការស្នើសុំបំបែកអគារសហកម្មសិទ្ធិ…។

នេះជាយន្តការថ្មីមួយទៀត ត្រូវបានដាក់ចេញក្រោមចក្ខុវិស័យវែងឆ្ងាយ និងកាន់តែមានប្រសិទ្ធភាពរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដើម្បីឲ្យសេវាលើវិស័យដីធ្លីកាន់តែលឿនសម្រាប់ប្រជាពលរដ្ឋ និងក្រុមធុរជន កសាងទំនុកចិត្តកាន់តែខ្លាំង ក៏ដូចជាការចូលរួមកាត់បន្ថយជម្លោះដីធ្លីតាមមូលដ្ឋាន៕

You might also like