លោក ត្រាំ មានសុទិដ្ឋិនិយមថាសង្រ្គាមអ៉ីរ៉ង់អាចនឹងបិទបញ្ចប់ មុនធ្វើទស្សនកិច្ចទៅចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាលោកមានសុទិដ្ឋិនិយមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ មុននឹងរូបលោកត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីន នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក PBS និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ខិតកាន់តែជិតឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាម។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាមានឱកាសដ៏ល្អមួយដើម្បីបិទបញ្ចប់ (សង្រ្គាម) តែប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ នោះយើងនឹងត្រឡប់ ទៅរកការទម្លាក់គ្រាប់បែក ក្នុងកម្រិតមួយដែលពួកគេ (អ៉ីរ៉ង់) មិនធ្លាប់បានជួបពីមុនមក»។ លោក ត្រាំក៏ត្រូវបានចោទសួរផងដែរអំពីសេចក្ដីរាយការណ៍ដែលថានៅក្រោមកិច្ចព្រមព្រៀងមួយ ទីក្រុងតេហេរ៉ង់ប្រហែលជានឹងបញ្ជូនអ៊ុយរ៉ាញ៉ូមត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។
ជុំវិញសំណួរនេះ លោក ត្រាំបានឆ្លើយថាវាមិនមែនជារឿងប្រហែលនោះទេ ពោលគឺអ៉ីរ៉ង់ត្រូវតែបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែលោកមិនបានពន្យល់ អ្វីលម្អិតនោះទេថាតើចំណុចខ្ទាស់ដ៏សំខាន់មួយនេះក្នុងកិច្ចចរចានឹងត្រូវបានដោះស្រាយយ៉ាងដូចម្ដេច?
គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃពុធ បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែជិតឈានដល់ការឯកភាពគ្នាលើអនុស្សារណយោគយល់មួយ មានកម្រាស់មួយទំព័រដើម្បីបិទបញ្ចប់សង្រ្គាម ហើយកំណត់ក្របខណ្ឌការងារសម្រាប់កិច្ចចរចាលម្អិតអំពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់៕

You might also like