កិច្ចពិភាក្សាពាណិជ្ជកម្មក្រុមប្រទេស G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និងសហភាពអឺរ៉ុបធ្វើឱ្យខូចឯកភាព

ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសទាំងប្រាំពីរ G7 ដែលបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ៦ឧសភា សប្ដាហ៍នេះ បានស្វែងរកចំណុចរួមមួយលើការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ ដែលគ្របដណ្ដប់ដោយប្រទេសចិន ប៉ុន្តែការគំរាមកំហែងពន្ធថ្មីៗរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរថយន្តផលិតនៅសហភាពអឺរ៉ុប បានប្រឈមនឹងការធ្វើឱ្យខូចឯកភាពគ្នាក្នុងសម្ព័ន្ធភាព។

រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសរបស់បារាំង លោក Nicolas Forissier បាននិយាយនៅពេលទៅដល់សម្រាប់កិច្ចពិភាក្សាថា ប្រទេសបារាំងចង់ឱ្យការផ្គត់ផ្គង់រ៉ែសំខាន់ៗ ក្លាយជាលទ្ធផលជាក់ស្តែងបំផុតក្នុងអំឡុងពេលធ្វើជាប្រធានកិច្ចប្រជុំ G7 របស់ខ្លួន ខណៈក្រុមរដ្ឋមន្ត្រីរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំនៅពាក់កណ្តាលខែមិថុនា ។

លោកថា រូបលោកជឿថាពួកលោកនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែងលើរ៉ែកម្រ និងរ៉ែសំខាន់ៗ ដោយធានាខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកលោក និងធានាថាពួកលោកមិនត្រូវបានចាប់ជាចំណាប់ខ្មាំងដោយប្រទេសមួយចំនួនឡើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure បាននិយាយកាលពីថ្ងៃអង្គារថា  ចំណែកទីផ្សាររបស់ប្រទេសចិនសម្រាប់រ៉ែដែលប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាង ចាប់ពីរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិច រហូតដល់ប្រព័ន្ធការពារជាតិ គឺមានឥទ្ធិពលខ្លាំង ដែលអាចកំណត់តម្លៃទាបគ្រប់គ្រាន់ដើម្បីបណ្តេញគូប្រជែងចេញពីទីផ្សារប្រកួតប្រជែង។

រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា ប្រទេស G7 នឹងព្យាយាមធានាថាការប៉ុនប៉ង ឬការគំរាមកំហែងក្នុងការប្រើសេដ្ឋកិច្ចជាអាវុធ នឹងបរាជ័យ។

ឯកភាពរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង៧ ឬ G7 ក៏កំពុងត្រូវបានសាកល្បងដោយការអត្ថាធិប្បាយពីប្រធានាធិបតីអាមេរិក Donald Trump ផងដែរ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធលើរថយន្តដែលផលិតនៅសហភាពអឺរ៉ុបដល់២៥% ពីពន្ធស្រាប់ ១៥ % ដោយអះអាងថា ទីក្រុងព្រុចសែលមិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានព្រមព្រៀងគ្នានៅទីក្រុង Turnberry របស់ដែនដី ស្កុតឡែន កាលពីឆ្នាំមុន៕

You might also like