ឯកឧត្តម ជា វុទ្ធី ជួបពិភាក្សាការងារជាមួយប្រតិភូនៃស្ថាប័ន Enterprise Singapore ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជា

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឆ្លៀតឱកាសចូលរួមវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃស្ថាប័ន Enterprise Singapore ដែលដឹកនាំដោយ លោក G. Jayakrishnan នាយកគ្រប់គ្រងទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Shangri-La Phnom Penh។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដែលមានលក្ខណៈអនុគ្រោះ, បត់បែន, និងផ្ដល់នូវឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់វិនិយោគិនបរទេស។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យភាគី Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ, ស្វាយចន្ទី, និងឧស្សាហកម្មឈើដាំ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃបន្ថែម និងបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។

ជាការឆ្លើយតប លោក G. Jayakrishnan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះវឌ្ឍនភាពជាវិជ្ជមាននៃសង្គម សេដ្ឋកិច្ចកម្ពុជា។ លោកបានទទួលយកនូវសំណើរបស់ភាគីកម្ពុជាក្នុងការបន្តផ្សព្វផ្សាយ និងជំរុញឱ្យធុរជនសិង្ហបុរីមកសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងវិស័យសក្តានុពលដទៃទៀត។ ជាមួយគ្នានេះ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តផ្តល់នូវកិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅដល់វិនិយោគិនសិង្ហបុរី។

You might also like