ឃាត់ខ្លួនជនបរទេសជាង៤០០នាក់ និងសង្គ្រោះជនជាតិថៃ ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ
ជនបរទេសជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ។ ដោយក្នុងនោះ បានជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៦នាក់ និងដកហូតសម្ភារ:សង្ស័យបំរើឱ្យបទល្មើសផងដែរ។ ដោយប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបានចូលរួមសហការជាមួយក្រុមការងារអគ្គស្នងការនគរបាល ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះវីឡាចំនួន២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលបានរត់គេចពីការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនចំនួន ២៣៩នាក់។ ហើយនៅអគារស្នាក់ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៤នាក់។ ចំណែកនៅថ្ងៃទី៦ ខែឧសភា ចុះ បង្ក្រាបដោយគណៈបញ្ជាការរដ្ឋបាលខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នូវទីតាំងផ្ទះ១ល្វែង ១០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី រកឃើញជនបរទេសសរុប ១៣៤នាក់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕






