ទុរេនទឹកឈូ ចាប់ផ្តើមប្រមូលផលហើយ! អភិបាលស្រុក ចាត់ឲ្យទប់ស្កាត់ទុរេននាំចូលពីបរទេសដែលខុសច្បាប់

(កំពត)៖ ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល! ដោយសារទុរេនទឹកឈូ នៅខេត្តកំពត ជាទុរេនមានភាពល្បីល្បាញ និងទាក់ទាញជាមួយឱជារសដ៏ឈ្ងុញឆ្ងាញ់របស់ភ្ញៀវជាតិ និងអន្តរជាតិនោះ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ទុរេនឲ្យមានសុចរិតភាព ទាក់ទងជាមួយប្រភពដើមនៃទុរេន។
ជាមួយគ្នានេះដែរ លោកក៏បានចាត់ឲ្យអធិការនគរបាលស្រុក មានវិធានការចំពោះការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ដោយមិនលើកលែង។ ករណីមានបាតុភាព មិនប្រក្រតីណាមួយកើតឡើង ក្នុងមូលដ្ឋានស្រុកត្រូវចាត់វិធានចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលមានភាពទុច្ចរិតមិនស្មោះត្រង់។
ឆ្លៀតឱកាសនេះ លោកអភិបាលក៏បានអំពាវនាវឲ្យគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសរដូវទុរេនទុំ នាពេលនេះ៕

You might also like