អតីតរដ្ឋមន្រ្តីការពារជាតិចិន ២រូប ត្រូវបានផ្តន្ទាទោសប្រហារជីវិត ដោយព្យួររយៈពេល២ឆ្នាំ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ

ប៉េកាំង៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អតីតរដ្ឋមន្រ្តីការពារជាតិចិន២រូប គឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយព្យួររយៈពេល២ឆ្នាំ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។
អតីតមន្រ្តីជាន់ខ្ពស់ទាំង២រូបនេះ ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនីស្តចិន កាលពីឆ្នាំ២០២៤ ក្រោមហេតុផល «បំពានបទវិន័យធ្ងន់ធ្ងរ» ដែលជាភាសាមួយ ជាទូទៅសំដៅលើការប្រព្រឹត្តអំពើពុករលួយ។ នៅប្រទេសចិន ការដាក់ទោសប្រហារជីវិតដោយព្យួរដូចខាងលើនេះ គឺមានន័យថា ជាទោសដែលត្រូវបានសម្រាល ពោលគឺក្រោយរយៈពេល២ឆ្នាំកន្លងផុតទៅ ទោសនោះនឹងត្រូវប្តូរមកជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ។
គួរបញ្ជាក់ថា លោក Wei Fenghe ធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិទី១២ នៃប្រទេសចិន ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខណៈលោក Li Shangfu បានឡើងកាន់តួនាទីបន្តពីរូបលោក ជារដ្ឋមន្រ្តីការពារជាតិចិនទី១៣។ លោក Li បានកាន់មុខតំណែងនេះត្រឹមប៉ុន្មានខែប៉ុណ្ណោះ គឺចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំដដែល។ រដ្ឋមន្រ្តីការពារជាតិចិនបច្ចុប្បន្ន គឺលោក Dong Jun៕

 

You might also like