លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក (ជំហានទី២ តចប់) ដែលស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងស្តារអូរយាយហុកនេះ ទទួលបានប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ និងស្ទឹងស្វាយដូនកែវ។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើនផ្ទៃដីស្រោចស្រព និងជួយរំដោះជំនន់ទឹកភ្លៀងពីផ្ទៃរងទឹកភ្លៀងតាមជួរភ្នំក្រវាញ ដែលតែងតែបង្កការជន់លិចនៅទីប្រជុំជនផ្សារតាលោ ដោយនាំទឹកតាមរយៈអូរយាយហុក ហូរធ្លាក់បន្តចូលទៅក្នុងស្ទឹងស្វាយដូនកែវ។
សូមជម្រាបថា ទំហំការងារសំខាន់ៗនៃគម្រោងនេះរួមមាន៖ ការងារស្តារអូរយាយហុកប្រវែង ២ ៤៧០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៧ កន្លែង។ គិតត្រឹមពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% ហើយ។ នៅពេលបញ្ចប់ជាស្ថាពរ គម្រោងនេះនឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ១ ៤៨១ ហិកតា, ស្រូវប្រាំង ៩០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ២ ០៤២ គ្រួសារ ក្នុងភូមិចំនួន ៦ នៃឃុំតាលោ ស្រុកតាលោសែនជ័យ។
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបំផុត។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង និងជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក៕

You might also like