កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះពិនិត្យទីតាំងអគារ និងផ្ទះល្វែងនៅក្រុងប៉ោយប៉ែត ក្រែងលបលួចប្រព្រឹត្តបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដចុះពិនិត្យទីតាំងតាមអគារ និងផ្ទះល្វែង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រែងមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះពិនិត្យរដ្ឋបាលនៅក្នុងផែស្ងួត ទីតាំងអាគារ និងផ្ទះល្វេង នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ដោយឡែក ការត្រួតពិនិត្យនៅទីតាំងសង្ស័យក្នុងភូមិស្ទឹងបត់​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ មានឃើញសម្ភារដែលបម្រើឲ្យការលប់លួចប្រព្រឹត្តបទល្មើស Online Scams ហើយកម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្ន៕

You might also like