អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​អនុវត្ដ​ដោយ​ពេញ​លេញ​ភ្លាម​ៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស​ចំណុច​ទី៣​ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមា​របស់​គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដោយ​គ្មាន​ការ​ពន្យារពេលបន្តទៀត។
ការលើកឡើងបែបនេះរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី (កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលមេដឹក​នាំ​អាស៊ាន​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ដែល​មានហ្វីលីពីនជាម្ចាស់ផ្ទះ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីតាម​រយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃនេះ កិច្ច​ប្រជុំ​បាន​ពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញ នូវរាល់យន្ដការដែលមានស្រាប់ ជាពិសេស គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មី​របស់​ប្រទស​ថៃ​បាន​ចាប់​ផ្ដើម​អនុវត្ដ​ការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។
ឯកឧត្តមបន្តថា ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺ​ពិត​ជា​ចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវ​បាន​គោរព​ ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយ​ក​ម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឬ​កំណត់​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ​នោះ​ទេ៕

You might also like