នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពឆក់កាបូបយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០២៖០៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចចំហៀងសាលាខេត្តកណ្ដាល សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យនេះ ពាក់ព័ន្ធនឹង​ករណី​ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានប្រព្រឹត្តចំនួន៣លើក កាលពីថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៥:៣០នាទីទាបភ្លឺ ត្រង់ចំណុចផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ត្រង់ចំណុចផ្លូវជាតិលេខ០១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងត្រង់ចំណុចក្រោយអតីតសាលាដំបូងរាជធានីភ្នំពេញ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ កែវ បូរ៉ុង ហៅរ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-4520។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
You might also like