ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
នៅល្ងាចថ្ងៃទី៩ ខែឧសភា ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ UNIFIL បានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរវិលត្រឡប់របស់កងនេះ បានពន្យាពេល និងខកជើងហោះហើរប្រមាណជិត ៣ខែ ដោយសារបញ្ហាវិបត្តិសង្គ្រាមអ៊ែរ៉ង់ អ៊ីស្រាអ៊ែល អាម៉េរិច ។
បើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាកងវិស្វកម្មពហុជំនាញលេខ៨៦៣ បានថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្លែងថា ជាក់ស្តែងនៅក្នុងដំណើរបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាតិ នៅប្រទេសលីបង់រយៈពេល ១ឆ្នាំ គឺបានបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ហើយនៅដំណើរបេសកកម្មនោះ កងកម្លាំងមួកខៀវកម្ពុជាយើងបានធ្វើការងារទទួលបានជោគជ័យលើសមិទ្ធិផលការងារជាច្រើន ដូចជា ការសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ និងការដោះមីន កំទិចគ្រាប់អាវុធយុទ្ធភ័ណ្ឌ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអ៊ែល។
ឯកឧត្តម ឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិមានការយកចិត្តទុកដាក់ និងតាមដានសុខទុក្ខ ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់។
ឯកឧត្តម បន្តថា នៅក្នុងដំណើរបំពេញបេសកកម្មនេះ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺបានបំពេញទទួលបានជោគជ័យ និងបានប្រកាន់ខ្ជាប់នូវការគោរពតាមនីតិវិធីអង្គការសហប្រជាជាតិ គោរពបទបញ្ជា និងវិន័យអង្គការបានល្អប្រសើរ និងទទួលបានការកោតសរសើរច្រើនមជ្ឈដ្ឋានអន្តរជាតិ។
ឯកឧត្តម សែម រតនា បានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងនាំគ្នាទៅស្វែងរកការព្យាបាលបន្ទាន់ ករណីមានរោគសញ្ញាជំងឺគ្រុនរើឡើងវិញ៕






