អ្នកនាំពាក្យនគរបាលជាតិកម្ពុជា ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី
(ភ្នំពេញ)៖ តាមព័ត៌មាននៅក្នុងប្រទេសថៃ បានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួនជនជាតិចិន នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយបានរកឃើញមានអាវុធ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ ព័ត៌មានបឋមបានលើកឡើងថា ជនសង្ស័យរូបនេះអាចមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មានផ្លូវការ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវព័ត៌មាននេះ និងបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ មិនមានការពាក់ព័ន្ធជាមួយ ទីបញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឡើយ។
លោកបានសង្កត់ធ្ងន់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយការសន្និដ្ឋានទាំងនោះជាការចោទប្រកាន់តាមអារម្មណ៍ដែលពួកគេតែងប្រឌិតទម្លាក់កំហុសមកលេីខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់ឡេីយ ។ នោះគឺជារបៀបនៃការប្រេីប្រាស់ព័ត៌មានបំភាន់មតិអន្តរជាតិឱ្យយល់ច្រលំមកលេីព្រះរាជាណាចក្រកម្ពុជាថា ជាប្រទេសពោរពេញដោយរឿងរ៉ាវអសន្តិសុខ ដែលគួរឱ្យភ័យខ្លាច។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត បំផ្លាញកិត្តិយសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព ជាពិសេសទង្វេី បែបក្រអឺតក្រទមនេះ មិនត្រឹមតែបានបង្ហាញសារជាតិរេីសអេីង ពូជសាសន៍មេីលងាយ ប្រមាថមកលេីប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានបំណងបង្កេីតលេសពង្រីកទំនាស់ជាមួយកម្ពុជា ប្រេីប្រាស់ឧបាយកលខ្មៅកខ្វក់ ពង្រីកទំនាស់ រវាងប្រទេសទាំងពីរបន្ថែមទៀតតាមមហិច្ឆតារបស់ពួកគេ៕






