កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានទី១, ទី២ និងឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍, ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០, លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសរុបប្រមាណ ២០០នាក់។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា លទ្ធផលដែលមាននាពេលនេះ គឺបានកើតចេញពីការរួមចំណែករបស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី គ្រប់ផ្នែក គ្រប់ថ្នាក់ និងបានយកឱកាសនេះ ថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា ថវិកា សម្ភារៈ ការជួយគាំទ្រតាមគ្រប់រូបភាព និងសហការសម្របសម្រួលសព្វគ្រប់បែបយ៉ាង ព្រមទាំងការប្រើប្រាស់ មធ្យោបាយសរុប វិធានការសរុប កម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ សម្រេចបានលទ្ធផលជាច្រើន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ (និង គណបក្សប្រជាជនកម្ពុជា) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, និង (ប្រធានគណបក្សប្រជាជនកម្ពុជា), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា) ហើយសូមឱ្យស្មារតីនេះ បន្តមានជាប់ជាប្រចាំ ដើម្បីបង្កើនទំនុកចិត្តជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សយើង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឥស្សរជនកំពូលៗរបស់ជាតិ, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន អ៊ំ ពូ មីង ទាំងអស់ដែលកំពុងមានវត្តមាននៅកិច្ចប្រជុំនេះ។
ដើម្បីជំរុញឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវអនុវត្ត តួនាទី ភារកិច្ច និងយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១). ការរៀបចំផែនការសកម្មភាព, របៀបរបបការងារ, រៀបចំកិច្ចប្រជុំ, និងរៀបចំវេទិកាសាធារណៈ នៅមូលដ្ឋានឃុំទាំង១០ នៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ស្រុក, ២). របបប្រជុំ និងរបបរាយការណ៍, ៣). របបចុះមូលដ្ឋាន, ៤). បន្តចូលរួមពង្រឹង និងជំរុញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ៥). បន្តចូលរួមពិនិត្យ និងជួយជំរុញអាជ្ញាធរមូលដ្ឋានឱ្យខិតខំអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន, ៦). បន្តខិតខំធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋ, ៧). បន្តផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលនានានៅក្នុងឃុំ ស្រុក និងខេត្ត និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល, ៨). បន្តការអប់រំសតិអារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំនៅមូលដ្ឋាន ជាពិសេស ចំពោភៀសសឹក, ពលករដែលត្រឡប់មកពីប្រទេសថៃ, ក្រុមគ្រួសារវីរកងទ័ព, និងវីរកងទ័ពរងរបួសដែលកំពុងព្យាបាល ជាដើម និង៩). បន្តជំរុញការងារធ្វើអត្តសញ្ញាណបណ្ណដល់យុវជនដែលគ្រប់អាយុ, យុវជនដែលត្រូវត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧, សមាជិក សមាជិកា ដែលអត្តសញ្ញាណបណ្ណ ហួសសុពលភាព។
ខេត្តកំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦






