សាហាវព្រៃផ្សៃណាស់! ចាប់ក្មេងអាយុ៥ឆ្នាំជំរិតទាប្រាក់រហូតស្លាប់ នៅស្រុកស្អាង

កណ្ដាល៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតករដែលត្រូវជាពូសាច់ថ្លៃលួងលោម ចាប់យកទៅក្នុងផ្ទះ ចងស្លាបសេកយកស្កុតរុំមាត់យ៉ាងសាហវព្រៃផ្សៃរហូតស្លាប់យ៉ាងអណោចអធ័ម ដើម្បីជំរិតទាប្រាក់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចផ្ទះរបស់ឈ្មោះ គឹម វណ្ណា ស្ថិតភូមិ កូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ ឆ្នាំ មានទីលំនៅភូមិ កំពង់សំណាញ់ទី១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល មុខរបរ នៅក្នុងបន្ទុក ។ ឪពុកឈ្មោះ ទេព រតនា អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ ។ ម្ដាយឈ្មោះ ជឿន សុីនួន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរ អ្នកទាំងពីរមានទីលំនៅភូមិ កំពង់សំណាញ់ទី១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។(គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍អាទិត្យ តែងតែនាំគ្នាទៅលេងស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិលស្រុកស្អាង)។ ជនសង្ស័យឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។(ត្រូវជាពូសាច់ថ្លៃ)គ្មានសារធាតុញៀនអវិជ្ជមាន(-) ។វត្ថុតាងចាប់យក: ១-ទូរសព្ទដៃចំនួន០១គ្រឿងម៉ាក nokia អិនចុចពិលពណ៌ខៀវ ,២-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកoppo ពណ៌ខ្មៅ(ជារបស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យឈ្មោះ គឹម វណ្ណា បានឆាតខ្ចីលុយឈ្មោះ ជឿន ស៊ីនួនដែលត្រូវជាម្ដាយឈ្មោះ រតនា ម៉េងសុីមជាញឹកញាប់។ ហើយឈ្មោះជឿន ស៊ីនួន ចូលមើលឆាតតែមិនឆ្លើយតបទេហើយពេលនោះជនសង្ស័យឈ្មោះ គឹម វណ្ណា ក៏បានលុបឆាតចោលវិញ។
លុះនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ០៨ និង ២៥ នាទី ជនរងគ្រោះឈ្មោះ រតនា ម៉េងសុីម និង បងស្រីឈ្មោះ រតនា ពេជ្ររ៉ា ភេទស្រីអាយុ ០៩ ឆ្នាំ បាននាំគ្នាទៅលេងដីឡូមួយកន្លែងរបស់ឈ្មោះថាច មករា ដែលស្ថិតនៅមុខជិតផ្ទះ ពេលនោះជនសង្ស័យបាន ដេីរមកនិយាយលួងលោមជនរងគ្រោះ ឲ្យទៅញាំអំពៅនៅក្នុងផ្ទះរបស់ខ្លួន។ពេលទៅដល់ជនសង្ស័យបានចាប់បីជនរងគ្រោះឡេីងលេីផ្ទះនិងឲ្យតុក្កតាលេងរួចជនសង្ស័យ បានធ្វើសកម្មភាពយកស្កុតសថ្លាចាប់ចងដៃ ជើង រំមាត់ជនរងគ្រោះហើយលើកដាក់ចូលទៅក្នុងគ្រែប្រអប់និងដាក់ពូកសង្កត់ពីរលេី។ហេីយពេលនោះឈ្មោះ ធី ណារ៉ុង ប្រពន្ធរបស់ជនសង្សយ័បានជិះម៉ូតូមកពីផ្សារបានស្រែកសួរទៅជនសង្ស័យឈ្មោះគឹម វណ្ណា ថានៅលេីផ្ទះកំពុងធ្វេីអីជនសង្ស័យឈ្មោះគឹម វណ្ណា ឆ្លើយថាកំពង់ធ្វេីបង្អួចផ្ទះវាខូចដោយមិនបានចាប់អារម្មណ៍ឈ្មោះធី ណារ៉ុង ក៏បានធ្វេីម្ហូបនៅផ្ទះបាយនៅខាងក្រោមហេីយបានហៅជនសង្ស័យ ហូបបាយពេលហូបបាយរួចជនសង្ស័យបានជិះម៉ូតូចេញទៅខាងក្រៅបាត់។ នៅវេលាម៉ោង ១១ និង ៣០ នាទីឈ្មោះ ជឿន សុីនួន ដែលត្រូវម្តាយរបស់ជនរងគ្រោះ បានដេីររកកូនដើម្បីមកហូបបាយតែរកមិនឃើញរួចឈ្មោះ ជឿន សុីនួនបានឆែកកាមេរ៉ាសុវត្តិភាពមេីលបានឃេីញកូនស្រីរបស់ខ្លួនដេីរទៅជាមួយជនសង្ស័យស្រាប់តែដល់ម៉ោង ១១ និង ៣៦ នាទីក៏មានសារមួយបានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះ ជឿន សុីនួន (ម្ដាយជនរងគ្រោះ)សរសេរថាកូនហែងនៅក្នុងឡានអញ់ចង់បានកូនមកវិញឲ្យអញ់មួយម៉ឺនដុល្លារមុនមកអញ់ទុកពេលឱ្យមួយម៉ោងបើលើសមួយម៉ោងចាំយកសពកូនហែងទៅដាក់លុយតាមវីងមក តាមវីងលេខទូរស័ព្ទ(0978309128) អញ់ប្រាប់ឲ្យហើយតែដឹងឮដល់ប៉ូលីសនិងអ្នកជិតខាងប្រយ័ត្នអត់បានជួបកូនពេលមើលសាររួចហើយឈ្មោះ ជឿន សុីនួន ក៏បានមកប្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីឲ្យជួយស្រាវជ្រាវពេលទទួលបានព័ត៌មានភ្លាមកម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា យកមកធ្វើការសាកសួរ តែជនសង្ស័យមិនព្រមសារភាព។លុះដល់ម៉ោង ១៦និង២៥នាទីសមត្ថកិច្ចយើងធ្វើការឆែកឆេរផ្ទះជនសង្សយ័ទើបប្រទះឃើញសពជនរងគ្រោះនៅក្នុងគ្រែប្រអប់ក្រោមពូក។
បន្ទាប់ក្រោយមកទើបជនសង្យ័យឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះទាប្រាក់ ដោយធ្វើតែម្នាក់ឯងមិនពាក់ពន្ធ័និងឈ្មោះធីណារ៉ុង (ត្រូវជាប្រពន្ធ)ឡើយ។
បញ្ជាក់ ម្ដាយជនរងគ្រោះនិងឈ្មោះធី ណារ៉ុង(ប្រពន្ធជនសង្សយ័)ត្រូវជាបងប្អូនជីដូនមួយនិងគ្នា។
ករណីនេះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី ៕

You might also like