អ្នកនាំពាក្យ ៖ កម្ពុជា អំពាវនាវឱ្យអនុវត្ដភ្លាមៗសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ដើម្បីវាស់វែង​ខណ្ឌសីមា​ព្រំដែន ​កម្ពុជា-ថៃ

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែឧសាភ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីនូវប្រសាសន៍របស់សម្ដេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ប្រាប់ទៅកាន់ភាគីថៃ, ប្រធានអាស៊ាន និ​ង​បណ្ដា​សារព័ត៌​មាន​អន្តរ​ជាតិ​​នានា​ក្នុងសន្និសីទសារព័ត៌មាន នៅកោះសេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧភា ឆ្នាំ​២០២៦​នេះ ​អំពីជំហររបស់កម្ពុជា គឺមិនទទួលស្គាល់ដាច់ខាត​ការ​កំណត់ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ​ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង ហើយ​បែរមក​អនុវត្ដ​ដោយ​ពេញ​លេញ ​និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចាប់ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់នូវការវាស់វែង និងខណ្ឌសីមាព្រំដែន​រវាង​កម្ពុជា និងថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជំហរដោះស្រាយបញ្ហាព្រំដែនគោករបស់កម្ពុជា តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និង​ឥត​ប្រែ​ប្រួល​ទាល់​តែ​សោះអំពីដំណោះស្រាយ​បញ្ហាព្រំដែនជាមួយ​ថៃ ក៏ដូចជាជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ទាំង​អស់​។ នោះគឺ​ជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់ និងអនុលោម​តាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និង​គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris)។
ជំហរនេះ​ត្រូវបាន​បញ្ជាក់ឡើងវិញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅ​ឯ​កិច្ច​ប្រជុំ​​ត្រីភាគីរវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ ២០២៦។ ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន​​សង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ឬកំណត់ដោយ​ការ​ប្រើប្រា​ស់​កម្លាំង​ឬ​តាម​រយៈ​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើទី​តាំ​ងជា​ក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវ​ឱ្យ​មាន​ការ​អនុវត្ដ​ដោយ​ពេញ​លេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជា​ពិសេសចំ​ណុច​ទី៣ ដែលអំពាវនាវឱ្យមានការ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការ​វាស់​វែង​ និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។
សម្តេចធិបតីជឿជាក់ថា យន្តការនេះគឺពិតជាចាំ​បាច់​ក្នុង​ការ​ធានា​បញ្ចប់​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើ​ទីតាំ​ងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវស​ន្តិភាព​យូរអ​ង្វែងរវាងប្រទេសទាំងពីរ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែ​ងច​ម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះអ​នុវត្ត​ការងារ​លើ​ដី​ជាក់​ស្តែង​នៅ​កំណាត់​ខ្សែព្រំ​ដែន​ចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅ​ក្នុង​ភូមិ​សាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបាន​បញ្ច​ប់ទាំង​ស្រុង​ការ​ងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះអ​នុវត្ត​ការ​ងារ​លើ​ដីជា​ក់​ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែង​ប្រមាណ ​៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបាន​បញ្ចប់​ការ​ងារ​វាស់វែ​ង និង​បោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលប​ណ្តោះ​អាសន្ន​។
ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានសន្យាថានឹងបន្តវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅ​លើ​ដី​ជាក់ស្តែងជាបន្តទៀត។ ដូច្នេះ អ្វីដែលកម្ពុជាចង់បានគឺ ក្រុមការងារចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បន្ត​ធ្វើ​ការ​ងារដែលបានធ្វើកាលពីពេលកន្លងទៅដោយគ្មានបង្អែរបង្អង់​៕

You might also like