ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ករណីគាស់ផ្ទះយ៉ាងសកម្ម
(កណ្ដាល)៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី២១, ២៣ និង២៤ ខែមេសា ឆ្នាំ២០២៦ វេលាចន្លោះម៉ោង០៩:០០នាទី ដល់ម៉ោង១០:០០នាទី ត្រង់ចំណុចភូមិព្រែកដូង២ និងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះមានចំនួន០៣នាក់ រួមមានប្រជាពលរដ្ឋប្រកបមុខរបរកសិករ និងកម្មកររោងចក្រ ដែលបានបាត់បង់គ្រឿងអលង្ការ និងប្រាក់រាប់លានរៀល ក្រោយជនសង្ស័យធ្វើសកម្មភាពលួចចូលផ្ទះនៅពេលម្ចាស់មិននៅ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប៉ែន វ៉ាន់ឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ទូរស័ព្ទដៃ២គ្រឿង គ្រឿងអលង្ការមួយចំនួន និងនាឡិកាដៃ១គ្រឿង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើល្មើស។
បើតាមលោកវរសេនីយ៍ត្រី ប៉ា ច័ន្ទវិសាល អធិការរងទទួលផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះទុកចោលទៅធ្វើការ ខណៈជនសង្ស័យបានឆ្លៀតឱកាស ធ្វើសកម្មភាពវាយកញ្ចក់ទ្វារ និងចូលលួចទ្រព្យសម្បត្តិ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕






