អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមលើការអនុវត្តការងាររបស់ខ្លួន
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើតសមត្ថភាពបន្ថែមទៀត ហើយបើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីអោយបងប្អូនយើងមានសមត្ថភាពដើម្បីទទួលបានប្រាក់ខែខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
មានប្រសាសន៍ក្នុងពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល រៀបចំប្រារព្ធពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នា ឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចជាតិ។ «ភាពធន់» នៅទីនេះ សំដៅដល់ភាពរឹងមាំ និងសមត្ថភាពក្នុងការបន្សំខ្លួនរបស់បងប្អូន ក្មួយៗ កម្មករ និយោជិត តាមរយៈការអភិវឌ្ឍជំនាញ និងចំណេះដឹង ខណៈដែល «ការងារសមរម្យ» គឺជាការងារដែលផ្តល់នូវប្រាក់ចំណូលសក្តិសម លក្ខខណ្ឌការងារល្អ សុវត្ថិភាព ព្រមទាំងមានការគាំពារសង្គមពេញលេញ។ ឯកឧត្ដមបន្តថា៖ រាជរដ្ឋាភិបាល ការគិតគូរអំពីសុខទុក្ខជីវភាពរបស់បងប្អូនកម្មករនិយោជិត ដោយបានកំណត់គោលនយោបាយយ៉ាងច្បាស់លាស់ ដែលផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការបង្កើត រក្សា និងបង្កើនការងារដល់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅ បង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងប្រព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។
ឯកឧត្ដមអភិបាលបានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត ដោយបច្ចុប្បន្ន ខេត្តកណ្តាលមានរោងចក្រ សហគ្រាសសរុបចំនួន ២ ១០៩ ទីតាំង និងកម្មករនិយោជិតចំនួន ២៥១ ១០៧ នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតក៏នឹងកំពុងទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ផងដែរ






