សមត្ថកិច្ចបន្ដបង្ក្រាបទីតាំងលប់លួចប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស៤២នាក់

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបន្ដបង្ក្រាបទីតាំងលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ។
ក្នុងនោះ ក្រុមការងារចម្រុះដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ត្រី កាន់ សុខ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជជភ្នំពេញ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ៨៣V ផ្លូវ៣៨៤ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានត្រួតពិនិត្យរកឃើញជនជាតិវៀតណាមចំនួន២៤នាក់ (ស្រី៤នាក់)។
សម្ភារដកហូតរួមមាន CPU ១គ្រឿង, ទូរស័ព្ទ ៤២គ្រឿង (ទូរស័ព្ទជនសង្ស័យ ២៥គ្រឿង), All in one ១៧គ្រឿង និង Monitor ១០គ្រឿង។ សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនសង្ស័យជាជនជាតិវៀតណាម ប្រើប្រាស់ប្រទេសកម្ពុជា លួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាព Work Scames ដោយអូសទាញជនជាតិខ្លួនឲ្យទៅធ្វើការនៅតៃវ៉ាន់ ដោយបង់ប្រាក់សេវាផ្សេងៗជាមុន។
ដោយឡែក ក្រុមការងារចម្រុះដឹកនាំដោយ ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងបុរីហាយធិចដឺព្រីមៀរ ផ្ទះលេខ៤៤ ផ្លូវហ្គោល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើពាក់ព័ន្ធការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញ ចំនួន១៨នាក់(ជនជាតិវៀតណាម)។
សម្ភារដកហូតរួមមាន ទូរស័ព្ទដៃ ចំនួន៩គ្រឿង, Laptop ចំនួន៥គ្រឿង និងកុំព្យូទ័រ All in One ចំនួន២៦គ្រឿង។ សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនសង្ស័យប្រើប្រាស់វិធី អូសទាញឲ្យជនរងគ្រោះដាក់ប្រាក់ទិញទំនិញលើគេហទំព័រក្លែងក្លាយ ដែលមានគោលដៅ ទៅប្រទេសវៀតណាម។
បច្ចុប្បន្នទាំងមនុស្ស និងសម្ភារ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការបន្ដតាមនីតិវិធី៕

You might also like