បទឈប់បាញ់រយៈពេល៣ ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលដោយលោក Trump បានបញ្ចប់ហើយ
បទឈប់បាញ់រយៈពេល ៣ ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែន ស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានផុតកំណត់នៅម៉ោង ២១និង០០នាទី ម៉ោងសកលកាលពីថ្ងៃចន្ទ១១ឧសភា។កាលពីថ្ងៃអាទិត្យ ១០ឧសភា ចុងសប្ដាហ៍នេះ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ទីក្រុងមូស្គូ និងទីក្រុងគីវ បានយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃទី៩ដល់១១ខែឧសភា រួមជាមួយនឹងការដោះដូរអ្នកទោស១.០០០នាក់ពីភាគីទាំងពីរដោយហៅសកម្មភាពនេះថាជាជំហានដែលអាចធ្វើទៅបានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
លោកTrump និយាយថា សង្ឃឹមថាការផ្អាកប្រយុទ្ធគ្នាដ៏ខ្លីនេះជាការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមដ៏អូសបន្លាយ ដ៏សាហាវ និងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ។ការចរចាកំពុងបន្តលើការបញ្ចប់ជម្លោះដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយពួកលោកកំពុងខិតជិតដល់ជារៀងរាល់ថ្ងៃ។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីប្រេសិតពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានជួបជាមួយប្រធានអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov នៅទីក្រុង Miami ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងសម្របសម្រួលជំហានបន្ថែមទៀតឆ្ពោះទៅរកសន្តិភាព។
ក្រោយមក លោក Zelenskyy បាននិយាយថា ទីក្រុងគីវ (Kyiv)បានពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីទម្រង់ដែលអាចធ្វើទៅបានសម្រាប់ការចរចាជាមួយលោក Putin នៅកម្រិតថ្នាក់ដឹកនាំដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Umerov ទៅកាន់ទីក្រុង Miami នោះ។
មុនសំណើរបស់លោក Trump ទីក្រុងមូស្គូ (Moscow)កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានប្រកាសពីបទឈប់បាញ់ឯកតោភាគីសម្រាប់ថ្ងៃទី ៨-៩ ឧសភា ដើម្បីប្រារព្ធខួបជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទី ២ និងបានព្រមានអ៊ុយក្រែនពីការឆ្លើយតបដោយមីស៊ីលទ្រង់ទ្រាយធំ ប្រសិនបើការប្រារព្ធទិវាជ័យជម្នះត្រូវបានរំខាន។
ក្រោយមក ទីក្រុងគីវបាននិយាយថា ខ្លួននឹងគោរពបទឈប់បាញ់ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៦ ខែឧសភាស ប្ដាហ៍មុន៕






