សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
នៅក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យចំនួន 6.000 USD (ប្រាំមួយពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ដល់កាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ (ខែកក្កដា, ខែសីហា, ខែកញ្ញា, ខែតុលា, ខែវិច្ឆិកា និងខែធ្នូ) ឆ្នាំ២០២៦ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌ ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជួយដល់វីរកងទ័ពនៅជួរមុខ និងប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ឆាប់បានជាសះស្បើយពីព្រះរោគដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕
ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖

You might also like